وَلَمَّا جَآءَ مُوسَىٰ لِمِيقَٰتِنَا وَكَلَّمَهُۥ رَبُّهُۥ قَالَ رَبِّ أَرِنِيٓ أَنظُرۡ إِلَيۡكَۚ قَالَ لَن تَرَىٰنِي وَلَٰكِنِ ٱنظُرۡ إِلَى ٱلۡجَبَلِ فَإِنِ ٱسۡتَقَرَّ مَكَانَهُۥ فَسَوۡفَ تَرَىٰنِيۚ فَلَمَّا تَجَلَّىٰ رَبُّهُۥ لِلۡجَبَلِ جَعَلَهُۥ دَكّٗا وَخَرَّ مُوسَىٰ صَعِقٗاۚ فَلَمَّآ أَفَاقَ قَالَ سُبۡحَٰنَكَ تُبۡتُ إِلَيۡكَ وَأَنَا۠ أَوَّلُ ٱلۡمُؤۡمِنِينَ
ហើយនៅពេលដែលព្យាការីមូសាបានមកដល់ដើម្បីសន្ទនាជាមួយនឹងម្ចាស់របស់គាត់ក្នុងពេលវេលាដែលគេបានកំណត់សម្រាប់គាត់ ពោលគឺរយៈពេលសែសិបយប់ ហើយម្ចាស់របស់គាត់បានមានបន្ទូលទៅកាន់គាត់ដោយដាក់បទបញ្ជា និងដាក់បម្រាមហាមឃាត់ជាច្រើន រួមនិងកិច្ចការផ្សេងៗទៀតនោះ ព្យាការីមូសាក៏មានបំណងចង់ឃើញម្ចាស់របស់គាត់យ៉ាងខ្លាំង ហើយគាត់ក៏បានសុំម្ចាស់របស់គាត់ដើម្បីបានមើលឃើញទ្រង់(ផ្ទាល់នឹងភ្នែក)។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ អ្នកមិនអាចមើលយើងឃើញជាដាច់ខាតនៅក្នុងជីវិតលោកិយនេះ ដោយសារតែអ្នកគ្មានសមត្ថភាពអាចមើលឃើញយើងឡើយ។ ក៏ប៉ុន្តែ ចូរអ្នកក្រឡេកមើលទៅកាន់ភ្នំនោះចុះ។ នៅពេលដែលយើងបង្ហាញខ្លួនទៅកាន់វា ប្រសិនបើវានៅនឹងថ្កល់ដដែលនោះ អ្នកប្រាកដជានឹងឃើញយើងមិនខាន។ តែប្រសិនបើវាក្លាយទៅជារាបស្មើនឹងដីនោះ អ្នកនឹងមិនអាចឃើញយើងបាននោះទេក្នុងលោកិយនេះ។ ដូច្នេះ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឲ្យវារាបស្មើនឹងដី(ក្លាយជាធូលី) ហើយព្យាការីមូសាក៏បានដួលសន្លប់នៅលើដី។ នៅពេលដែលព្យាការីមូសាបានដឹងខ្លួនពីការសន្លប់មកវិញ គាត់បានពោលថាៈ ខ្ញុំសូមលើកតម្កើងទ្រង់(ឱម្ចាស់របស់ខ្ញុំ)ពីរាល់ប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់។ ខ្ញុំសូមសារភាពកំហុសចំពោះទ្រង់ចំពោះការដែលខ្ញុំសុំមើលឃើញទ្រង់នៅក្នុងលោកិយនេះ ហើយខ្ញុំគឺជាអ្នកដែលមានជំនឿមុនគេក្នុងចំណោមក្រុមរបស់ខ្ញុំ។
التفاسير: